Camregion Marketing Solutions

224 AUCTIONS | Oct 28, 2021 18:53:49
ពន្ធនៅកម្ពុជាមាន១៨ប្រភេទដែលរួមមាន៖ 17/06/2021

ផ្សាយឡើងវិញ៖ តើពន្ធអាករទាំង១៨របស់កម្ពុជាមានអ្វីខ្លះ? តើអ្វីទៅជាសារៈសំខាន់នៃការបង់ពន្ធ? ហើយធ្វើដូចម្ដេចឱ្យចំណូលពន្ធដែលទទួលបានមានសារៈសំខាន់?

------------

ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ឬ ស្ថាប័នពាក់ព័ន្ធនានាចំពោះរដ្ឋ ដើម្បីរួមចំណែក ការពារ និង អភិវឌ្ឍមាតុភូមិ។ នេះជាកិច្ចសន្យាសង្គមដ៏មានសមធម៌បំផុត។ ការប្រមូលពន្ធនេះ គឺជាការយកតាមតម្លៃ ទំនិញ ឬសេវា ហើយអ្នកជាប់ពន្ធគឺជាអ្នកប្រើប្រាស់ចុងក្រោយ។ ពន្ធ និង អាករមានលក្ខណៈខុសគ្នាត្រង់ថា “ពន្ធ” សំដៅដល់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ច ត្រូវបង់ជាសាច់ប្រាក់ ឬវត្ថុជូនរដ្ឋទៅតាមច្បាប់កំណត់ #ដោយផ្ទាល់#តាមភ្នាក់ងារពន្ធដារ។ ដោយឡែក “អាករ” សំដៅដល់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ចត្រូវបង់សាច់ប្រាក់ ឬវត្ថុ ជូនរដ្ឋទៅតាមច្បាប់កំណត់ #ដោយប្រយោល តាមការប្រើប្រាស់ទំនិញឬសេវាកម្ម។ ម្ល៉ោះហើយ អាករក៏អាចត្រូវបានគេហៅថាជាពន្ធប្រយោល។

យោងតាមជំនួយស្មារតីនៃអត្ថបទបោះពុម្ពផ្សាយរបស់សមាគមច្បាប់សាលាត្រាជូនាឆ្នាំ២០១៧ បានសិក្សា និង រៀបរៀងឱ្យយើងអាចដឹងថាពន្ធនៅកម្ពុជាមាន១៨ប្រភេទដែលរួមមាន៖

១. ពន្ធលើប្រាក់ចំណេញ (Tax on Profit) ៖ ពន្ធនេះកំណត់លើអ្នកជាប់ពន្ធនិវាសនជន (ជនដែលរស់នៅលើទឹកដីកម្ពុជា) ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ ចំណូលប្រភពបរទេស។ សម្រាប់អ្នកជាប់ពន្ធអនិវាសនជន (ជនបរទេសនៅកម្ពុជា ប៉ុន្ដែករណីអនិវាសនជនរស់នៅកម្ពុជាលើសពី១៨២ថ្ងៃគឺនឹងក្លាយជានិវាសនជន) ពន្ធលើប្រាក់ចំណេញកំណត់តែលើប្រាក់ចំណូលប្រភព កម្ពុជាប៉ុណ្ណោះ។ប្រាក់ចំណេញដែលជាប់ពន្ធ គឺជាប្រាក់ចំណេញសុទ្ធបានមកពីលទ្ធផលទាំងអស់នៃប្រតិបត្តិការអារជីវកម្មគ្រប់ ប្រភេទរួម បញ្ចូលទាំងចំណេញមូលធនដែលសម្រេចបានក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់ អាជីវកម្មព្រមទាំងប្រាក់ ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគការប្រាក់ថ្លៃឈ្នួល និងសួយ សារផង។ ប្រាក់ចំណេញជាប់ពន្ធក៏រួម បញ្ចូលផងដែរនូវចំណេញមូលធនទាំងអស់ពីអចលនទ្រព្យ ទ្រព្យហិរញ្ញ វត្ថុ ឬទ្រព្យវិនិយោគ ដែលសម្រេចបានមកពីប្រតិបត្តិ ការនានាក្រៅពីប្រតិបត្តិការអាជីវកម្ម។ យើងអាចដឹងយ៉ាងពិស្ដារពីអត្រាពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំតាមមាត្រា២០នៃច្បាប់ស្ដីពីសារពើពន្ធ។

២. ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ (Prepayment of Profit Tax)៖ រាល់សហគ្រាសដែលជាប់ពន្ធលើប្រាក់ចំណេញតាមរបបពិតរួមទាំងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលជាប់ពន្ធលើប្រាក់ចំណេញតាមអត្រា ៩% មានកាតព្វកិច្ចបង់ប្រាក់រំដោះប្រចាំខែសម្រាប់ពន្ធលើប្រាក់ចំណេញតាម អត្រា ១% នៃផលរបរគិតរួមបញ្ចូលទាំងពន្ធអាករទាំងអស់វៀលែងតែអាករលើតម្លៃបន្ថែមដែលសម្រេចបានក្នុងខែមុន។ ប្រាក់រំដោះនឹងត្រូវបានយកមកកាត់កងពីពន្ធលើប្រាក់ចំណេញនៅពេលធ្វើការទូទាត់ប្រចាំឆ្នាំ។

៣. ពន្ធអប្បបរមា (Minimum Tax) ៖ ពន្ធនេះត្រូវបង់ដោយអ្នកជាប់ ពន្ធតាមរបបស្វ័យប្រកាស លើកលែងតែគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមអត្រា ១% លើផលរបរ ប្រចាំឆ្នាំរួមបញ្ជូលទាំងពន្ធអាករនានាវៀរលែងតែអាករលើតម្លៃបន្ថែម។ ពន្ធនេះត្រូវបង់នៅពេល ទូទាត់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ហើយក៏អាចត្រូវបានកាត់បន្ថយដោយពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ។

៤. ពន្ធកាត់ទុក (Withholding Tax)៖ ពន្ធកាត់ទុក សំដៅលើពន្ធដែលត្រូវបានកាត់ទុកដោយអ្នកជាប់ពន្ធនិវាសនជនលើការទូទាត់មួយចំនួនដែលធ្វើឡើងជាសាច់ប្រាក់ ឬ ជាវត្ថុឲ្យអ្នកជាប់ពន្ធនិវាសនជន និងអនិវាសនជន។អ្នកជាប់ពន្ធនិវាសនជនប្រកបអាជីវកម្មទាំងអស់ត្រូវប្រមូលពន្ធកាត់ទុក។ ពន្ធកាត់ទុកដែលប្រមូលបានពីសេវាកម្ម សួយសារពីទ្រព្យសកម្មអរូបី សួយសារបានមកពីភាគកម្មក្នុងធនធានរ៉ែ ចំណូលពីការប្រាក់មិនមែនធនាគារ និង ធនាគារទាំងមានការកំណត់ និង មិនកំណត់ ត្រូវបង់ទៅឲ្យអគ្គនាយកដ្ឋានពន្ធដារ។

៥. ពន្ធលើប្រាក់បៀវត្ស (Payroll Tax)៖ ពន្ធនេះជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខ័ណ្ឌនៃការ បំពេញសកម្មភាពបំរើការងារ។ រូបវន្តបុគ្គលនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ចំពោះប្រាក់បៀវត្សប្រភពកម្ពុជានិងប្រាក់បៀវត្សប្រភពបរទេស។ រូបវន្តអនិវាសនជនត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះ ប្រាក់បៀវត្សប្រភពកម្ពុជា។ សហគ្រាសដែលជានិយោជក ត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្សនៅមុនពេល បើកប្រាក់បៀវត្សឱ្យដល់និយោជិត និងបង់ប្រាក់ពន្ធនេះជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតនៅថ្ងៃទី ១៥នៃខែបន្ទាប់ ពីខែដែលប្រាក់បៀវត្សត្រូវបានបើក។

ពន្ធលើប្រាក់បៀវត្សត្រូវបានកាត់ទុកតាមអត្រា២០% នៃទឹកប្រាក់ត្រូវបើកឱ្យមុនការកាត់ទុក។ ពន្ធកាត់ទុកនេះ គឺជាពន្ធចុងក្រោយនៃប្រាក់បៀវត្សសម្រាប់អនិវាសនជនជាអ្នកទទួលប្រាក់បៀវត្ស។ ចំពោះអត្ថប្រយោជន៍បន្ថែមជារៀង រាល់ខែ សហគ្រាស ក្រុមហ៊ុនត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធតាមអត្រា ២០% នៃតម្លៃសរុបរបស់អត្ថប្រយោជន៍បន្ថែមដែល បានផ្តល់ឱ្យនិយោជិតទាំងអស់។ តម្លៃនៃអត្ថប្រយោជន៍បន្ថែមគឺជាតម្លៃទីផ្សារ រួមទាំងពន្ធអាករទាំងអស់។

៦. អាករលើតម្លៃបន្ថែម(Value added Tax/VAT)៖អាករលើតម្លៃបន្ថែម គឺជាអាករដែលត្រូវគិតបន្ថែមលើតម្លៃដើមនៃផលិតផល ឬសេវាកម្មជាប់អាករហើយកំណត់ទៅលើការចំណាយទិញរបស់អ្នកប្រើប្រាស់ចុងក្រោយ។ អាករនេះត្រូវប្រមូលពីការ ប្រកបអាជីវកម្ម និងការនាំចូល។

រូបមន្ដនៃអាករលើតម្លៃបន្ថែដោយមិនគិតពន្ធនាំចូល = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល) x ១០% (ចំពោះទំនិញទូទៅមិនជាប់អាករពិសេស) / = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល + អាករពិសេស) x ១០% (ចំពោះទំនិញទូទៅ)

៧. អាករលើតម្លៃពិសេស (Special Tax on Certain Merchandise and Services) ៖ សំដៅដល់អត្រាអាករលើផលិតផល និង សេវាកម្មពិសេសដូចខាងក្រោម

• ៣% ចំពោះ សេវាទូរស័ព្ទក្នុងនិងក្រៅស្រុក

• ៥% ចំពោះ ស៊ីម៉ង់

• ១០% ចំពោះ សំបុត្រយន្តហោះ សេវាកំសាន្ត ភេសជ្ជៈគ្មានជាតិអាល់កុល និង ប្រេងម៉ាស៊ីន ប្រេងហ្រ្វាំង ព្រមទាំងវត្ថុធាតុដើមដើម្បីផលិតប្រេងម៉ាស៊ីន

• ២០% ចំពោះ បារី

• ៣០% ចំពោះ ស្រាបៀរ

• ៣៥% ចំពោះ ស្រា

មូលហេតុដែលបារី ស្រាបៀរ និង ស្រា ត្រូវជាប់អាករពិសេសក្នុងអត្រាខ្ពស់ជាងមុខទំនិញ និងសេវាផ្សេងៗ ដោយសារទំនិញទាំងបីមុខនេះ មានផលប៉ះពាល់ខ្លាំងដល់អ្នកប្រើប្រាស់។ អាករពិសេសត្រូវបានគណនាតាមរូបមន្ដ ផលបូកនៃតម្លៃគិតពន្ធគយនិងពន្ធនាំចូល ជាកន្សោមគុណនឹងអត្រាអាករពិសេសដូចសង្ខេបខាងលើ។

៨. អាករលើផលរបរ (Tax on Gross Sales)៖ ជាប្រភេទពន្ធប្រយោល ដែលត្រូវបានយកពន្ធពីសកម្មភាពសេដ្ឋកិច្ចផ្សេងៗ ដូចជា ពាណិជ្ជកម្ម ផលិតកម្ម អាជីវកម្ម និងសេវាកម្ម។ អាករលើផលរបរប្រមូលពីអ្នកប្រើប្រាស់ និងបង់ជូនរដ្ឋដោយអ្នកលក់ ។ អាករនេះអនុវត្តន៍ ចំពោះអ្នកជាប់ពន្ធតាមរបបម៉ៅការតែប៉ុណ្ណោះ។អាករប្រភេទនេះត្រូវបង់ជារៀងរាល់ខែតាមអត្រាកំណត់២% នៃផលរបរប្រចាំខែ និងត្រូវអនុវត្តន៍ លើអ្នកជាប់ពន្ធរបប ម៉ៅការ ។

៩. ពន្ធលើឈ្នួលផ្ទះ និង ដី (Tax on Property Rental)៖ ពន្ធនេះត្រូវប្រមូលពីកម្មសិទ្ធិករ ឬ សិទ្ធិវន្តរបស់កម្មសិទ្ធិករ។ អត្រាពន្ធលើឈ្នួលផ្ទះ និងដីត្រូវបានកំណត់ស្មើនឹង ១០%នៃប្រាក់ឈ្នួលដុល។ ប្រាក់ឈ្នួលដុល គឺជាប្រាក់ឈ្នួល ដែលបានចុះកិច្ចសន្យា ឬបានព្រមព្រៀងជាមួយអ្នកជួល។

១០. ពន្ធតែមប្រិ៍ (Stamp Duty)៖ គឺជាពន្ធដែល កំណត់លើលិខិតរដ្ឋបាល លិខិតតុលាការ លិខិតក្រៅតុលាការ និងលើប័ណ្ណប្រកាស។ រាជរដ្ឋាភិបាល កំណត់ដែនអនុវត្ត និងតារាងពន្ធតែមប្រិ៍ដោយអនុក្រឹត្យ និង ហាមភ្នាក់ងារអាជ្ញាធរមានសមត្ថកិច្ចទទួល ឬចេញលិខិតត្រូវ ជាប់ពន្ធតែមប្រិ៍ដែលមិនទាន់បានបង់ពន្ធ។ ពន្ធតែមប្រិ៍ ត្រូវបង់តាមការបិទសន្លឹកតែមប្រិ៍ ឬតាមការបង់ប្រាក់ផ្ទាល់ដោយចេញបង្កាន់ដៃ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុកំណត់បែបបទ និងលក្ខខ័ណ្ឌអនុវត្តការប្រមូលពន្ធតែមប្រិ៍ដោយប្រកាស។ សន្លឹកតែមប្រិ៍នីមួយៗមានតម្លៃ ១០០រៀល ២០០រៀល ៥០០រៀល ១,០០០រៀល ២,០០០រៀល។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺជាអង្គការមានសមត្ថកិច្ចតែមួយគត់ក្នុងការធ្វើការបោះពុម្ភសន្លឹកតែមប្រិ៍។

១១. ពន្ធប៉ាតង់(Patent Tax)៖ ជាពន្ធកំណត់លើផលរបរសរុបប្រចាំឆ្នាំដែលត្រូវបង់ក្នុងអំឡុងពេលចាប់ផ្តើមពីថ្ងៃ ទី ១ មករាដល់ថ្ងៃទី ៣១ ខែមិនាជារៀងរាល់ឆ្នាំ។ សម្រាប់សហគ្រាស ឬ ក្រុមហ៊ុនដែលទើបចាប់ផ្តើមប្រកបអាជីវកម្ម ត្រូវបង់ពន្ធប៉ាតង់ពេញមួយឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល៦ខែដើមឆ្នាំ ឬ បង់ពន្ធប៉ាតង់ពាក់កណ្តាលឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល៦ខែចុងឆ្នាំ។ សហគ្រាស ឬ ក្រុមហ៊ុនដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់មុខរបរអាជីវកម្មតែមួយ នៅក្នុងខេត្ត ឬ ក្រុងតែមួយ មិនចាំបាច់បង់ពន្ធប៉ាតង់ផ្សេងគ្នាទេ។ ប៉ុន្តែបើមានមុខរបរអាជីវកម្មខុសៗគ្នា ឬ ស្ថិតនៅក្នុងខេត្ត/ក្រុងផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់នៅតាមមុខរបរនីមួយៗ និងទៅតាមខេត្ត/ក្រុងដោយឡែកៗពីគ្នា។ កម្រិតប្រាក់ពន្ធប៉ាតង់ត្រូវបង់មានចែងក្នុងប្រការ៦ស្ដីពីប្រកាសកែសម្រួលវិធានគ្រប់គ្រងប្រមូលពន្ធប៉ាតង់ឆ្នាំ២០១៨។

១២. ពន្ធប្រថាប់ត្រា (Transfer Tax)៖ ពន្ធប្រថាប់ត្រាគឺជាពន្ធដែលជាទូទៅនៅប្រទេសកម្ពុជាយើង រដ្ឋប្រមូលចំពោះការផ្ទេរកម្មសិទ្ធអចលនទ្រព្យ ឬយានយន្ដគ្រប់ប្រភេទ ការផ្ទេរចំណែកភាគហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាកម្មប្រើថវិការដ្ឋ លិខិតគតិយុត្តិនៃនីតិបុគ្គល។ អ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធប្រថាប់ត្រាអោយបានចប់សព្វគ្រប់ក្នុងរយៈពេល ៣ខែ។ ប៉ុន្ដែពន្ធប្រថាប់ត្រាត្រូវបានលើកលែងករណីសម្បទានអចលនទ្រព្យពីរដ្ឋាភិបាល ការទទួលសិទ្ធិរង្វង់ញាតិដូចជាប្រទានកម្ម ឬ សន្ដតិកម្ម ការផ្ទេរកម្មសិទ្ធិយានជំនិះគ្រប់ប្រភេទក្រោមកម្លាំង១៥០សេះ។ កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញអចលនទ្រព្យដែលមានតម្លែទាបជាង ៧ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេលមួយឆ្នាំ ដោយគិតពីខែ កុម្ភៈ ឆ្នាំ ២០២០ ដល់ខែមករា ឆ្នាំ ២០២១ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដែលបានចុះបញ្ជី។ អត្រាពន្ធ និងការកំណត់ពន្ធប្រថាប់ត្រា មានក្នុងប្រការ៦នៃប្រកាសលេខ៥០៧ស្ដីពីការប្រមូលពន្ធប្រថាប់ត្រា។

១៣. ពន្ធលើដីធ្លីមិនប្រើប្រាស់ (Unused Land Tax)៖ កម្មសិទ្ធិករនៃដីមិនបានប្រើប្រាស់ត្រូវទទួលខុសត្រូវលើការបង់ពន្ធដីប្រភេទនេះ។ពន្ធលើដីមិនបានប្រើប្រាស់ត្រូវគណនាតាមអត្រា២% នៃតម្លៃដីតាមទីផ្សារដីដោយប៉ាន់តម្លៃទៅតាមថ្លៃដីក្នុងមួយម៉ែត្រការ៉េ និងគិតតាមខេត្ត ក្រុង និងតំបន់នីមួយៗ ដែលកំណត់ជារាល់ឆ្នាំ ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រាស់ប្រាស់។

១៤. ពន្ធសត្តឃាត (Slaughter Tax)៖ ជាការគិតថ្លៃពន្ធលើការសំលាប់សត្វយកសាច់។ តែសូមបញ្ជាក់ថាពន្ធសត្តឃាតនេះពុំត្រូវបានយកមកអនុវត្តទៀតឡើយ ព្រោះពន្ធនេះមានភាពស្មុគស្មាញពេក ដោយរាជរដ្ឋាភិបាលបានសំរេចលុបចោលចាប់ពីឆ្នាំ២០១៨ ដោយសំរេចអោយសត្តឃាតដ្ឋានទាំងអស់មកធ្វើការបង់ពន្ធលើប្រាក់ចំណេញវិញ។

១៥. ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យានជំនិះ (Tax on means of Transportation)៖ អត្រាពន្ធ និង រយៈពេលកំណត់ដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

១៦. អាករស្នាក់នៅ (Accommodation Tax)៖ អាករនេះគឺត្រូវបានកំណត់ និងប្រមូលលើការស្នាក់នៅក្នុងសណ្ឋាគារ ដែលជាប់ពន្ធក្នុងរបបស្វ័យប្រកាស សម្រាប់គុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ វៀរលែងតែសកម្មភាព ដូចជាការប្រជុំឬសិក្ខាសាលា។យោងតាមឯកសាររបស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជាបានបង្ហាញថា អាករលើការស្នាក់ត្រូវបានកំណត់តាមអត្រា២% លើការស្នាក់នៅក្នុងសណ្ឋាគារ ផ្ទះសំណាក់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ អ្នកជាប់ពន្ធ ដែលធ្វើការផ្គត់ផ្គង់សេវាស្នាក់នៅ ត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករនេះ ជូនរដ្ឋបាលសារពើពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមានការផ្គត់ផ្គង់។សម្រាប់មូលដ្ឋានគិតជាអាករ គឺជាថ្លៃបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារ ដោយរួមបញ្ចូលទាំងពន្ធ-អាករ និងបន្ទុកសេវាផ្សេងៗ ប៉ុន្តែត្រូវលើកលែងអាករលើតម្លៃបន្ថែម និងអាគារស្នាក់នៅខ្លួនឯង។

១៧. អាករបំភ្លឺសាធារណៈ (Public Light Tax)៖ អាករមួយប្រភេទត្រូវបានកំណត់អត្រា៣ភាគរយលើគ្រប់ដំណាក់កាល នៃការផ្គត់ផ្គង់សុរាមេរ័យ និង បារី ក្នុងព្រះរាជាណាច្រកម្ពុជា ដើម្បីជាប្រយោជន៍ដល់ថវិកាថ្នាក់ក្រោមជាតិ សម្រាប់បំភ្លឺសាធារណៈ នៅព្រះរាជាណាចក្រកម្ពុជា។

១៨. ពន្ធលើអចលនទ្រព្យ (Tax on Real Property)៖ ការប្រមូលពន្ធត្រូវអនុវត្តចំពោះអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា។ ពន្ធនេះត្រូវបានប្រមូលប្រចាំឆ្នាំនូវអត្រា០,១ភាគរយនៃតម្លៃអចលនទ្រព្យ។ តម្លៃអចលនទ្រព្យនឹងត្រូវបានកំណត់តាមតម្លៃនៅលើទីផ្សារហើយត្រូវបានវាយតម្លៃដោយគណកម្មការវាយតម្លៃ អចលទ្រព្យដែលចេញប្រកាសដោយក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។ប៉ុន្តែនៅក្នុងជំហានដំបូងច្បាប់នេះបានកំណត់យកពន្ធលើអចលនទ្រព្យទាំងឡាយណាដែលស្ថិតនៅតាមតំបន់រដ្ឋបាលថ្នាក់ក្រុង និងតំបន់រដ្ឋបាលថ្នាក់ខេត្តជាមុនសិនចំណែកតំបន់ផ្សេងទៀតដូចជាថ្នាក់ស្រុក និងទីជនបទមិនទាន់ជាប់ពន្ធនោះទេ។អចលនទ្រព្យជាប់ពន្ធទាំងនេះអាចមានដូចជា ដី ផ្ទះ និងសំណង់នានាដែលសាងសង់ភ្ជាប់ជាមួយដីនោះ។ គូសបញ្ជាក់ផងដែរថា អចលនទ្រព្យជាប់ពន្ធលុះត្រាតែអចលនទ្រព្យនោះមានតម្លៃសរុបលើសពី១០០លានរៀលឡើងទៅ។ទោះយ៉ាងណាមានអចលនទ្រព្យមួយចំនួនត្រូវបានលើកលែងដោយមិនតម្រូវឲ្យបង់ពន្ធគឺ ដីកសិកម្ម ដីកម្មសិទ្ធិរបស់រដ្ឋ ដីកម្មសិទ្ធិរបស់ស្ថានទូត ដីកម្មសិទ្ធិរបស់អង្គការក្រៅរដ្ឋាភិបាល អង្គការសាសនា និងអង្គការសប្បុរសធម៌។

គួរសង្កត់ន័យធ្ងន់ថា ការបង់ពន្ធមានសារៈសំខាន់ណាស់អនុលោមតាមគោលការណ៍សាមគ្គីភាព និង សមធម៌។ ការបង់ពន្ធគឺជាមូលដ្ឋានគ្រឹះនៃការបង្កើតរដ្ឋ តាំងពីដំបូង គឺ រដ្ឋមានកាតព្វកិច្ចរក្សាសណ្តាប់ធ្នាប់ និងការពារសន្តិសុខរបស់ប្រជាជន ព្រមទាំងធានានូវសេវាសាធារណៈសម្រាប់សហគមន៍ ចំណែកពលរដ្ឋវិញមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។ចំណូលដែលបានទទួលមកពីការបង់ពន្ធនឹងត្រូវយកទៅប្រើប្រាស់នៅក្នុងកិច្ចការដ៏ ចាំបាច់ដូចជា បើកប្រាក់ខែជូនមន្ត្រីរាជការ , បើកប្រាក់ខែជូនទាហានកម្លាំងប្រដាប់អាវុធ, សាងសង់ស្ពាន, សាងសង់សាលារៀន, មន្ទីរពេទ្យ, ការពារព្រំដែនសីមា, សាងសង់ហេដ្ឋារចនាសម្ព័ន្ធសង្គមជាអាទិ៍។

យើងអាចនិយាយតាមប្រត្យក្សបានថា ប្រភពចំណូលដ៏ធំបំផុតនៃថវិការបស់រដ្ឋ គឺបានមកពីការបង់ពន្ធ។ ដើម្បីឱ្យពលរដ្ឋមានទឹកចិត្ត និង កិច្ចខិតខំប្រឹងប្រែងក្នុងការបង់ពន្ធយ៉ាងមានស្ថេរភាព រាជរដ្ឋាភិបាលចាំបាច់ធ្វើការឆ្លុះបញ្ចាំង ឬ បំលែងចំណូលបានមកពីពន្ធទៅជា វឌ្ឍនភាព ឬ សមិទ្ធផលនៃកាតព្វកិច្ចការងាររបស់ខ្លួន ប្រកបដោយ សមភាព គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និង ស័ក្កសិទ្ធិភាព។ ទាំងនេះហើយជាតម្លៃស្នូលនៃការតបស្នងប្រកបដោយសាមគ្គីភាពដែលមិនអាចខ្វះបានរវាង ពលរដ្ឋ និង រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍរដ្ឋឱ្យមានភាពរីកចម្រើនជឿនលឿនលើគ្រប់វិស័យ៕

អត្ថបទដោយ៖ និកា|Cambonomic Times